តើអ្វីជាទីផ្សាភាគហ៊ុន?


អ្នកខ្លះថាវាប្រៀបដូចជាការទិញឬចិញ្ចឹមទាដែលផ្តល់ពងមាសឲ្យយើងរាល់ថ្ងៃ អ្នកខ្លះថាវាជាការវិនិយោគដោយប្រើលុយឲ្យធ្វើការឲ្យយើង? ការពិតយ៉ាងណាមកយល់ដឹងទាំងអស់គ្នា។ 


កាលពីក្មេងៗខ្ញុំធ្លាប់តែលឺពីការចូលហ៊ុនគ្នារកស៊ីឬបើកអាជីវកម្មណាមួយ។ ការវិនិយោគក្នុងវិស័យទីផ្សាភាគហ៊ុនក៏មានដើមកំនើតពីរឿងនេះដូចគ្នាដែរ។ នៅពេលអាជីករ ឬ ក្រុមហ៊ុនត្រូវការថវិការក្នុងការពង្រីក ឬ ពង្រឹងអាជីវកម្ម និងមុខជំនួញរបស់គេ គេត្រូវស្វ៊ែងរកប្រភពថវិការដែលមានដូចជា៖

  • ខ្លួនគេផ្ទាល់៖ អាចជាប្រាក់សន្សំ មរតកដូនតា ប្រាក់ចំនេញពីអាជីវកម្មកន្លងមក
  • ធានាគារ និង ស្ថាប័នហិរញ្ញវត្ថុដែលផ្តល់ប្រាក់កម្ចី៖ ការខ្ចីប្រាក់ពីធានាគារ ឬ ស្ថាប័នហិរញ្ញវត្ថុតម្រូវឲ្យមានការបង់ការប្រាក់ដែលមានតម្លៃខ្ពស់ ហេតុនេះវាអាចមូលហេតុធ្វើឲ្យមានការចំនាយខ្ពស់ និងចំនេញតិចតួចពីអាជីវកម្ម ព្រោះប្រាក់ចំនេញមួយផ្នែកត្រូវយកទៅបង់ការប្រាក់។
  • ការចូលហ៊ុនគ្នាពីមិត្តភក្ត ឬមនុស្សជិតស្និត៖ វាជាការចូលហ៊ុនគ្នាដែលមានលក្ខណៈស្រដៀងនឹងទីផ្សាភាគហ៊ុនបំផុត។ ការចូលហ៊ុនគ្នាជាការយកថវិការមកដាក់រួមក្នាដើម្បីប្រកប ពង្រឹង ឬ ពង្រីកអាជីវកម្មឲ្យកាន់តែធំដោយបែងចែកប្រាក់ចំនេញនៅពេលក្រុមហ៊ុនដំនើរការបានល្អហើយមានប្រាក់ចំនេញ តែនៅពេលក្រុមហ៊ុនខាត យើងក៏ត្រូវចូលរួមខាតជាមួយគ្នាដែរ។
  • ប្រភពថវិកាមួយទៀតគឺ ទីផ្សាភាគហ៊ុន៖ នៅពេលក្រុមហ៊ុនត្រូវការថវិការច្រើន ហើយមិនចង់ខ្ចីពីធនាគារព្រោះត្រូវចាយការប្រាក់ខ្ពស់។ គេអាចនាំក្រុមហ៊ុនចូលក្នុងទីផ្សាភាគហ៊ុនដោយបើកទូលាយឲ្យសាធារណជនអាចចូលទិញនិងវិនិយោគលើភាគហ៊ុននៃក្រុមហ៊ុនរបស់គេបាន។
តើការវិនិយោគលើវិស័យទីផ្សាភាគហ៊ុនផ្តល់ផលប្រយោជន៍អ្វីខ្លះ? និយាយទៅវាក៏ដូចជាការដាក់ហ៊ុនរកស៊ីជាមួយគ្នាចឹងដែរ នៅពេលក្រុមហ៊ុនមានដំនើរការល្អលើអាជីវកម្មហើយមានប្រាក់ចំនេញ ក្រុមហ៊ុនត្រូវបែកចែកប្រាក់ចំនេញ (Dividends) តាមអត្រាណាមួយដែលសមស្របតាមគោលការណ៍ដែលក្រុមហ៊ុនសន្យាជាមួយអ្នកវិនិយោគនិងទីផ្សាភាគហ៊ុនផ្ទាល់ ដែលរឿងទាំងនេះត្រូវមានឯកសារជាលាយល័ក្ខអក្សរនិងមានការគ្រប់គ្រងត្រឹមត្រូវ។


តែអ្វីដែលជាចំនុចល្អរបស់ទីផ្សាភាគហ៊ុននោះគឺនៅពេលក្រុមហ៊ុនមានបញ្ហាឬខាតបង់ យើងអាចលក់ភាគហ៊ុនយកលុយមកវិញបាន ដោយមិនចំបាច់ចូលរួមខាតបង់ជាមួយក្រុមហ៊ុនទេ តែទាំងនេះតម្រូវឲ្យយើងមានការតាមដាននឹងវិភាគពីទីផ្សានិងស្ថានភាពក្រុមហ៊ុនឲ្យបានច្បាស់ដូចជាការចូលរួមស្តាប់ការប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន ឬអានរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុនឲ្យបានទៀងទាត់ជាដើម។

លើសពីនេះក្រៅពីការការទទូលបានប្រាក់ចំនេញពីការបែងចែកកំរៃពីក្រុមហ៊ុន អ្នកវិនិយោគក្នុងទីផ្សាភាគហ៊ុនក៏នៅអាចចំនេញលើការកើនឡើងនៃតម្លៃភាគហ៊ុន (Capital Gain) ថែមទៀតផង ដែលពេលខ្លះការឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអាចឡើងដល់10-20 ដងនៃតម្លៃដើមឯនោះ។



. យើងទិញភាគហ៊ុនក្រុមហ៊ុន A ក្នុងតម្លៃ 4000៛/ភាគហ៊ុន ចំនួន 1000 ភាគហ៊ុន ដូចនេះយើងវិនិយោគសរុប 4 លានរៀល។

3 ឆ្នាំក្រោយ តម្លៃភាគហ៊ុនតម្លៃក្រុមហ៊ុន A ឡើងដល់តម្លៃ 40000៛/ភាគហ៊ុន ដូចនេះតម្លៃនៃភាគហ៊ុនឡើង10ដង ឬ 1000% ហើយទឺកប្រាក់សរុបរបស់យើងនឹងឡើងដល់ 40 លានរៀល។
  

មកដល់ត្រឹមនេះខ្ញុំជឿថាលោកអ្នកពិតជាមានចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យភាគហ៊ុនហើយមែនទេ? ចឹងយើងមកនិយាយពីហារនិភ័យនៃការវិនិយោគក្នុងវិស័យភាគហ៊ុនវិញម្តង។ ការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យគ្រាន់តែទាបឬខ្ពស់ តិចឬច្រើនប៉ុណ្ណោះ។ សូម្បីតែការយកលុយទៅដាក់ក្នុងធនាគារក៏មានហារនិភ៏យដែរ គ្រាន់តែវាមានតិចតួចមែនទែន។ ដូចនេះការវិនិយោគក្នុងទីផ្សាភាគហ៊ុនក៏មានហារនិភ័យផងដែរ។ ហារនិភ័យទាំងនោះអាចមានដូចជា៖


  • ការជ្រើសរើសក្រុមហ៊ុនខុស៖ដោយសារថាក្នុងទីផ្សារភាគហ៊ុនមានក្រុមហ៊ុនជាច្រើនបានចូលមកលក់ភាគហ៊ុនរបស់ខ្លួន ដូចនេះការស្វែងរកក្រុមហ៊ុនដែលមានការរីកចម្រើនក្នុងថ្ងៃអនាគតនោះ ពេលខ្លះពិតជាពិបាកដែរ​ ដែលតម្រូវឲ្យយើងមានការសិក្សានិងស្វែងយល់ពីការវិវត្តនៃអាជីវកម្មនិងស្ថានភាពហិរញ្ញវត្ថុនៃក្រុមហ៊ុនផ្ទាល់ និង ឧស្សាហកម្ម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចជាតិនិងអន្តរជាតិផងដែរ។ ការជ្រើសរើសក្រុមហ៊ុនខុសអាចធ្វើឲ្យយើងខាតបង់ទឹកប្រាក់ និង ពេលវេលាសម្រាប់ការវិនិយោគ ព្រោះពេលខ្លះក្រុមហ៊ុនត្រូវខាតបង់ក្នុងអាជីវកម្ម និងពេលខ្លះអាចក្ស័យធន ហើយត្រូវដកចេញពីទីផ្សាភាគហ៊ុនក៏មាន។
  • ការជ្រើសរើសអ្នកគ្រប់គ្រងក្រុមហ៊ុនខុសដោយមិនបានធ្វើការសិក្សាពីប្រវត្តិគេឲ្យបានល្អ ខ្ញុំជឿថាអ្នកទាំងអស់គ្នាធ្លាប់លឺហើយទាក់ទងនឹងការរាប់អានមិត្ត រាប់អានមិត្តល្អ នឹងនាំយើងទៅកាន់ផ្លូវល្អ បើរាប់មិត្តអាក្រក់ពិតជានាំយើងទៅកាន់ផ្លូវអាក្រក់។ ការវិនិយោគក្នុងទីផ្សាភាគហ៊ុនក៏ដូចជាការដាក់ហ៊ុនរកស៊ីជាមួយគ្នាដែរ បើយើងដាក់ហ៊ុនជាមួយមនុស្សបោកប្រាស ប្រាកដណាស់នឹងត្រូវខាតបង់ តែបើដាក់ហ៊ុនជាមួយមនុស្សល្អ មនុស្សឧស្សាហ៍ព្យាយាម វាពិតនាំយើងទៅកាន់ភាពរីកចម្រើន។ ហេតុនេះការទិញភាគហ៊ុនក៏ត្រូវជ្រើសរើសលើម្ចាស់ក្រុមហ៊ុន និងគណៈគ្រប់គ្រងក្រុមហ៊ុនផងដែរ។
  • ការទិញភាគហ៊ុនខុសចង្វាក់៖ តម្លៃនៃភាគហ៊ុនឡើងចុះជាចង្វាក់ដែលវាអាស្រ័យលើកត្តាជាច្រើនដូចជា កត្តាសេដ្ឋកិច្ច កត្តានយោបាយ ទាំងក្នុងប្រទេសនិងក្រៅប្រទេស កត្តាគ្រោះធម្មជាតិផ្សេងៗ រួមទាំងរឿងខ្លះដែលយើងគិតមិនដល់ថានឹងកើតឡើងផងដែរ តែចុងក្រោយកត្តាដែលសំខាន់បំផុតក្នុងការកំណត់តម្លៃនៃភាគហ៊ុនគឺកត្តាស្ថានភាពហិរញ្ញវត្ថុនិងដំណើរការរបស់ក្រុមហ៊ុន។ ហេតុនេះហើយតម្លៃនៃភាគហ៊ុនមានការផ្លាស់ប្តូរនិងឡើងចុះខ្លាំង អ្នកវិនិយោគត្រូវយល់ដឹងពីការរកចង្វាក់ចូលទិញឲ្យត្រឹមត្រូវជៀសរៀងការទិញក្នុងតម្លៃដែលខ្ពស់ពេក ដោយការសិក្សាពីស្ថានភាពហិរញ្ញវត្ថុនិងដំណើរការនៃអាជីវកម្មរបស់ក្រុមហ៊ុន។
  • ការគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន៖ សមាធិនិងវិន័យសំខាន់ខ្លាំងសម្រាប់អ្នកវិនិយោគក្នុងទីផ្សាភាគហ៊ុន ព្រោះថាយើងត្រូវគ្រប់គ្រងអារម្មណ៍លោភលន់និងអារម្មណ៍ភ័យខ្លាចរបស់យើងឲ្យបាន ព្រោះអ្នកវិនិយោគភាគច្រើនចូលមកក្នុងទីផ្សារភាគហ៊ុនដោយសារអារម្មណ៍លោភលន់ និងក្ស័យធនហើយចេញពីទីផ្សាភាគហ៊ុនវិញដោយអារម្មណ៍ភ័យខ្លាច។ ពេលយើងឃើញតម្លៃភាគហ៊ុនឡើងខ្លាំង វាធ្វើឲ្យយើងលោភលន់ហើយចង់ចំនេញហើយយើងក៏ចូលទិញដោយសារការលោភលន់ ព្រោះពេលតម្លៃភាគហ៊ុនឡើងខ្លាំងភាគច្រើនវាជាឱកាសល្អសម្រាប់អ្នកដែលមានភាគហ៊ុនស្រាប់លក់យកចំនេញ។ ហើយផ្ទុយទៅវិញ នៅពេលតម្លៃភាគហ៊ុនធ្លាក់ចុះខ្លាំង យើងបែរជាមានអារម្មណ៍ភ័យខ្លាចជាខ្លាំងហើយក៏សម្រេចចិត្តលក់ចោលដោយខាតបង់ ទាំងភាគច្រើននៅពេលតម្លៃភាគហ៊ុនធ្លាក់ចុះខ្លាំងវាជាឱកាសល្អសម្រាប់ចូលទិញទៅវិញ។ តែទាំងនេះវាតម្រូវឲ្យយើងមានការវិភាគនិងសិក្សាពីស្ថានភាពហិរញ្ញវត្ថុនៃក្រុមហ៊ុន និង អានក្រាហ្វតិចនិចរួមផ្សំគ្នាផងដែរដើម្បីជួយឲ្យយើងសម្រេចចិត្តទិញឬលក់ឲ្យបានត្រឹមត្រូវតាមចង្វាក់ឡើងចុះនៃតម្លៃភាគហ៊ុន។  
ជាចុងក្រោយ គ្រប់ការវិនិយោគមានហារនិភ័យនិងឱកាសផ្តល់កំរៃ តែវាទាមទារការព្យាយាម ការសិក្សាស្វែងយល់ គ្មានអ្វីបានមកងាយៗទេ សូម្បីការវិនិយោគក្នុងទីផ្សាភាគហ៊ុន កាន់តែមានហារនិភ័យ កាន់តែសុវត្ថិភាពបើយើងយល់ពីវា។ បាទសូមអរគុណបើអ្នកបានស្តាប់មកដល់ពេលនេះ សូមរងចាំភាគបន្តខ្ញុំនឹងមកនិយាយពីការវិនិយោគក្នុងទីផ្សាភាគហ៊ុន ត្រូវចេះអ្វីខ្លះ ហើយអ្នកដែលអាចចំនេញ $3000 ក្នុងមួយថ្ងៃគេមានការគិតនិងការវិនិយោគបែបណា។  វីដេអូខ្ញុំធ្វើឡើងគ្រាន់តែក្នុងន័យចែករំលែកចំនេះដឹងក៏ដូចជាបទពិសោធន៍ខ្លះៗប៉ុណ្ណោះ បើលោកអ្នកចង់ចូលរួមចែករំលែកអាច​ COMMENT ខាងក្រោមនេះបាន ហើយកុំភ្លេងចុច LIKE  និង SHARE បើពេញចិត្តវីដេអូបែបនេះ និង SUBSCRIBE  ដើម្បីទទួលបានវីដេអូភាគបន្ត។ សូមអរគុណ។

Subscribe us: ➡️https://bit.ly/2Q5Dd5O

Comments