បងប្រុសម្នាកដែលជាអ្នកវិនិយោគដ៏ល្បីឈ្មោះម្នាក់នៅប្រទេសថៃបានចែករំលែកទស្សនៈទាក់ទងនឹងការវិនិយោគរបស់គាត់ដូចខាងក្រោម៖ 
គាត់និយាយថាអ្នកដែលមានឥទ្ធិពលធំបំផុតលើគំនិតវិនិយោគរបស់គាត់គឺឪពុកគាត់។ ឪពុកគាត់ចូលនិវត្តន៍តាំងពីអាយុ 45 ឆ្នាំ មកដល់ថ្ងៃនេះគាត់អាយុ 70 ឆ្នាំហើយ!! និយាយឱ្យចំទៅគាត់ឈប់ធ្វើការអស់រយៈពេល 30 ឆ្នាំហើយ តើគាត់រស់នៅដូចម្តេច? តើគាត់បានលុយពីណាមកចាយវាយទៅ? ហើយតើគាត់ត្រូវការត្រៀមលុយបុ៉ន្មាន ទើបមិនចាំបាច់ធ្វើការហើយអាចរស់នៅដោយសុខស្រួល? ឪពុករបស់គាត់បានប្រាប់គាត់ថាមនុស្សចាស់ដូចគាត់មិនត្រូវជាបន្ទុកដល់ក្មេងៗជំនាន់ក្រោយទេ យើងត្រូវរស់នៅដោយពឹងខ្លួនឯង!! (គាត់និយាយបានឡូយណាស់​ ហាហាហា) មែនអត់? 

បងប្រុសម្នាក់នេះគាត់បានលើកយកអត្ថបទមួយមកចែករំលែកដូចខាងក្រោម៖ ហេតុអ្វីបានជាមនុស្សភាគច្រើនកំណត់គោលដៅខុសក្នុងការវិនិយោគ? មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា ចុះធ្វើដូចម្តេចទើបដឹងថាអ្វីខុស ហើយអ្វីត្រូវទៅ? បើវិនិយោគត្រូវ គឺមានន័យថាក្លាយជាអ្នកមានឬ? ហើយបើវិនិយោគខុសគឺមិនក្លាយជាអ្នកមានមែនទេ? ដំបូងយើងត្រូវឆ្លើយនឹងសំនួររបស់ខ្លួនឯងឲ្យបានសិនថា តើអ្វីជាគោលដៅចុងក្រោយរបស់យើង? មិនមែនគ្រាន់តែចង់ក្លាយជាអ្នកមានទេ ចម្លើយបែបនេះវាទូលំទូលាយពេក!! ចម្លើយដែលគ្រាន់តែថា "ខ្ញុំចង់ក្លាយជាអ្នកមានបំផុត" គឺជាចម្លើយដែលគាត់គិតថាជាឧបសគ្គដែលធ្វើឱ្យមនុស្សភាគច្រើនវិនិយោគហើយកើតទុក្ខ វិនិយោគហើយស្ត្រេស ឬពេលខ្លះវាធ្វើឲ្យយើងដើរខុសផ្លូវទៅរឿយៗនោះឯង។ ព្រោះថាប្រសិនបើគោលបំណងរបស់អ្នកគឺត្រូវការតែប្រាក់ចំណេញតែមួយមុខ  នោះអ្នកនឹងមិនអាចធ្វើការវិនិយោគរយៈពេលវែងបានទេ នៅទីបញ្ចប់អ្នកលេងហ៊ុនកាន់តែច្រើន អ្នកនឹងលេងកាន់តែខ្លីទៅៗ គិតតែអង្គុយមុខអេក្រង់ភាគហ៊ុនគ្រប់ពេល​ កាន់តែស្ត្រេស កាន់តែកើតទុក្ខជាងមុន ពីព្រោះអន្ទាក់នៃការរកប្រាក់ចំណេញរយៈពេលខ្លីគឺយើងត្រូវតែប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅលើសៃរៀនដ៏ឃោរឃៅបំផុតមួយនៅក្នុងផ្សារភាគហ៊ុន!!  គោលដៅដែលចង់មានលឿន វាផ្តល់លទ្ធផល 80/20  គឺក្ស័យធន 80% រួចដើម 20% នេះជាស្ថិតិរបស់មនុស្សភាគច្រើននៅក្នុងទីផ្សារភាគហ៊ុននោះឯង។ 

គាត់និយាយទៀតថា "បើសួរខ្ញុំថាតើអ្នកណាជា (មនុស្សគំរូ) ដែលផ្លាស់ប្តូរទស្សនៈរបស់ខ្ញុំលើការវិនិយោគនោះ គឺឪពុករបស់ខ្ញុំ។ ឪពុករបស់ខ្ញុំបានសួរខ្ញុំថាតើអ្វីជាគោលបំណងធំបំផុតរបស់ខ្ញុំក្នុងការវិនិយោគភាគហ៊ុន? នៅពេលនោះខ្ញុំបាននិយាយថា "ក្លាយជាអ្នកមានលឿន" ខ្ញុំចង់ក្លាយជាអ្នកមានលឿនបំផុត។ ឪពុកខ្ញុំបាននិយាយថា ប្រសិនបើឯងគិតដូចនេះ ឯងក៏ជាមនុស្សក្នុងចំនោម 80% នៅក្នុងទីផ្សារភាគហ៊ុនដែលក្ស័យធនចឹងដែរកូនអើយ!!" អូ !! ចឹងខ្ញុំត្រូវធ្វើដូចម្តេច?​ ឯងត្រូវផ្លាស់ប្តូរគោលដៅនៃការវិនិយោគ!!  កូនត្រូវកំណត់គោលដៅថ្មី គិតឲ្យដូចជាមនុស្សមួយចំនួនតូចដែលជោគជ័យក្នុងការវិនិយោគភាគហ៊ុន។ ចុះមនុស្សភាគតិចដែលជោគជ័យនោះ គេគិតដូចម្តេច? មនុស្សភាគច្រើនចង់ក្លាយជាអ្នកមានលឿន។ ប៉ុន្តែមានមនុស្សតិចណាស់ដែលចង់មានសេរីភាពផ្នែកហិរញ្ញវត្ថុដោយការវិនិយោគភាគហ៊ុន។  


គុណវិបត្តិនៃភាគហ៊ុន​ គឺតម្លៃវាឡើងចុះមិនទៀងទាត់ បើយើងលេងភាគហ៊ុនដោយគ្រាន់តែកេញចំនេញរយៈពេលខ្លី នោះយើងនឹងស្ត្រេស ហើយឱកាសជោគជ័យរបស់យើងគឺទាបណាស់។ 

អត្ថប្រយោជន៍នៃភាគហ៊ុនគឺវាផ្តល់នូវប្រាក់ចំណូលអកម្ម (Passive Income) តែមនុស្សភាគច្រើនមើលរំលងត្រង់ចំនុចនេះ ព្រោះវាត្រូវប្រើពេល។ 

សេចក្តីសុខរបស់អ្នកវិនិយោគគឺមិនចាំបាច់ទាល់តែមាន រាប់រយលាន រាប់ពាន់លាននោះទេ តែវាសំខាន់ត្រង់ថាយើងវិនិយោគហើយទទួលបានភាគលាភច្រើនជាងការចំនាយរបស់អ្នក ហើយនៅពេលដែលអ្នកចង់វិនិយោគរយៈពេលវែងអ្នកនឹងជ្រើសរើសភាគហ៊ុនណាដែលល្អ រឹងមាំ មានមូលដ្ឋានគ្រឹះរឹងមាន មានស្ថានភាពហិរញ្ញវត្ថុល្អ មានកំរៃល្អ នឹងអាចរស់នៅជាមួយយើងអស់មួយជីវិត យើងនឹងមិនទិញលក់ៗ យើងនឹងមិនលេងឬទិញភាគហ៊ុនណាដែលឡើងចុះខ្លាំង មិនទិញភាគហ៊ុនណាដែលនឹងក្ស័យធន យើងនឹងមិនស្ត្រេសពេលហ៊ុនចុះ ហើយក៏មិនលក់ពេលហ៊ុនចុះខ្លាំង ហើយក៏មិនទិញពេលឃើញតម្លៃភាគហ៊ុន វាឡើងខ្លាំងដោយការលោភលន់។​ ​ 

គន្លឺះសំខាន់បំផុតមិនមែនថាតើយើងអាចចំនេញពីភាគហ៊ុនប៉ុន្មាននោះទេ តែគឺថាតើយើងអាចទទួលបានភាគលាភច្រើនជាងការចំនាយរបស់យើងឬអត់? បើយើងអាចទទួលបានភាគលាភច្រើនជាងការចំនាយប្រចាំថ្ងៃរបស់យើងហើយ នោះការរកលុយវាមិនសំខាន់ទៀតទេ។ វាមិនចាំបាច់ត្រូវតែមានរាប់រយ រាប់ពាន់លាននោះទេ។ ពេលខ្លះអ្វីដែលយើងប្រឹងស្វែងរក តែរកមិនឃើញ។ ផ្ទុយទៅវិញអ្វីដែលយើងឈប់រក វាបែរជាត្រលប់មករកយើងវិញ។ រឿងក្នុងលោកនេះ ពេលខ្លះវាប្លែកណាស់។ កំណត់គោលដៅរបស់អ្នកឲ្យត្រឹមត្រូវ ហើយព្យាយាមអត់ធ្មត់ឲ្យដល់គោលដៅ


Comments